ថ្ងៃចេញផ្សាយៈ February 14, 2020
(ព្រះសីហនុ)៖ បន្ទាប់ពីអនុញ្ញាតឲ្យនាវាទេសចរណ៍ដ៏ធំមួយរបស់សហរដ្ឋអាមេរិក ចូលសំចតនៅក្នុងកំពង់ផែ ខេត្តព្រះសីហនុ និងសម្រួលគ្រប់កិច្ចការពាក់ព័ន្ធជូននោះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសអនុញ្ញាតឲ្យអ្នកដំណើរ ក្នុងនាវាជាង២,០០០នាក់ ដើរលេងកម្សាន្ដនៅក្នុងប្រទេសកម្ពុជា ដោយគ្មានការភ័យខ្លាចអ្វីទាំងអស់។
ក្នុងឱកាសអញ្ជើញជួបស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរចាកចេញពីនាវាទេសចរណ៍ Westerdam នៅឯកំពង់ផែក្រុងព្រះសីហនុ ព្រមទាំងបានជូនផ្កា ដល់អ្នកទេសចរ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន ក៏ប្រកាសមិនឲ្យមានការរើសអើងភ្ញៀវទេសចរ ដែលចេញពីនាវានេះទេ មិនតែនៅខេត្តព្រះសីហនុ ឬនៅទីណានោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា សម្ដេចបានណែនាំឲ្យត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់អ្នកនៅលើនាវា ទៅតាមកោះនានានៅក្នុងខេត្តព្រះសីហនុ ប្រសិនបើអ្នកទាំងអស់នោះត្រូវការ ខណៈដែលយន្ដ ហោះចំនួន៤គ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអង្គរអ៊ែរ ក៏ត្រៀមដើម្បីដឹកមកអាកាសយាន្ដដ្ឋានអន្ដរជាតិភ្នំពេញផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា (ថ្ងៃនេះខ្ញុំបើកឱកាសសម្រាប់អ្នកនៅលើនាវាទាំងអស់ អាចចាកចេញទៅធ្វើដំណើរកម្សាន្ដ នៅក្នុងខេត្តព្រះសីហនុ ហើយបើសិនមានបំណងទៅទស្សនកិច្ច នៅខេត្តសៀមរាប ទីនោះយើងនឹងបង្កលក្ខណៈងាយស្រួលមានក្រុមហ៊ុន អាកាសចរណ៍កម្ពុជាអង្គរអ៊ែរ៤គ្រឿង ដែលបានត្រៀមរៀបចំសម្រាប់ការជួយដឹកជញ្ជូន គឺផ្ដល់ឱកាសសម្រាប់អ្នកដែលនៅនាវាដើម្បីចុះទៅងូតទឹកសមុទ្រ និងកន្លែងនានាដែលលោកតំណាងសហរដ្ឋអាមេរិកបានលើកសំណើមិញ ខ្ញុំបានឆ្លើយតបរួចហើយអនុញ្ញាត ឲ្យពួកគាត់បានចុះទៅលេងកម្សាន្ដ)។
បន្ថែមពីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋកម្ពុជា ពិសេសអ្នកបម្រើការងារនៅតាមសណ្ឋាគារ ភោជនីយដ្ឋាននៅក្នុងខេត្តព្រះសីហនុ មិនត្រូវរើសអើង និងមិនត្រូវភ័យខ្លាចអំពីរឿងនេះទេ បើសិនជាមានការឆ្លងណាមួយ គឺឆ្លងចំពោះសម្ដេចតែម្ដង។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋកម្ពុជា នឹងយកការទទួលខុសត្រូវមួយក្នុងឋានៈជាអ្នកដែលបានចូលរួមចំណែក ដើម្បីលើកស្ទូយដល់សិទ្ធិរស់រានមានជីវិត សិទ្ធិដើរហើរដោយសេរី និងសិទ្ធិមិនត្រូវបានគេរើសអើង ហើយសម្រាប់ពីព្រលានយន្ដហោះកងកេង ទៅកាន់ព្រលានយន្ដហោះភ្នំពេញ បានរៀបចំនៅទីកន្លែងនោះយ៉ាងល្អហើយដែរ ដូច្នេះសូមកុំមានការភ័យខ្លាចអំពីការដែលត្រូវឆ្លងជំងឺនេះ ឬជំងឺនោះ។
សូមបញ្ជាក់ថា មន្ត្រីព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅម៉ោង៩៖២០នាទី ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ អ្នកដំណើររបស់នាវា Westerdam ជាង១០០នាក់ ដែលជាក្រុមទី១ បានធ្វើដំណើរតាមយន្តហោះពីខេត្តព្រះសីហនុ មកដល់ព្រលានយន្តអន្តរជាតិភ្នំពេញហើយ ដើម្បីរៀបចំបន្តដំណើរទៅកាន់ប្រទេសរបស់ពួកគាត់រៀងៗខ្លួន បន្ទាប់ពីតែលតោលនៅលើនាវាអស់ជាង១០ថ្ងៃមកនេះ។
មន្ត្រីដដែលបញ្ជាក់ថា ភ្ញៀវទេសចរចម្រុះជាតិសាសន៍របស់នាវា Westerdam ប្រមាន១១៩នាក់ កំពុងរៀបចំ Check in ដើម្បីរៀបចំធ្វើដំណើរទៅតាមប្រទេសរបស់ពួកគាត់។
សូមជម្រាបថា កប៉ាល់ទេសចរណ៍ Westerdam ដឹកមនុស្សសរុបជាង ២,២០០នាក់ ក្នុងនោះអ្នកដំណើរ១៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ(អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។
យោងតាមបញ្ជីអ្នកដំណើរបង្ហាញឲ្យឃើញថា នាវាទេសចរណ៍ខ្នាតយក្សនេះផ្ទុកអ្នកទេសចរណ៍ចំនួន ៤១ជាតិសាសន៍ ក្នុងនោះជនជាតិអាមេរិកច្រើនជាងគេ មានចំនួនរហូតដល់៦៥១នាក់ ជនជាតិកាណាដា២៧១នាក់ អង់គ្លេស១២៧នាក់ ជាតិសាសន៍ដទៃជាបន្តបន្ទាប់ ក្នុងនោះមានជនជាតិខ្មែរដែលចូលសញ្ជាតិកាណាដា ចំនួន៥នាក់ផងដែរ៕
0 comments:
Post a Comment