-->


Thursday, September 30, 2021

រដ្ឋមន្រ្តីក្រសួងសាធារណការស្នើឱ្យអាមេរិកជួយផ្ដល់សម្ភារបច្ចេកទេស ដើម្បីពង្រឹងគុណភាពផ្លូវថ្នល់កម្ពុជា និងចង់ឃើញក្រុមហ៊ុន របស់សហរដ្ឋអាមេរិកមកវិនិយោគនៅកម្ពុជា

ចំនួនអ្នកទស្សនា: Views



ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យអាមេរិកជួយផ្ដល់ សម្ភារបច្ចេកទេស ដើម្បីពង្រឹងគុណភាពផ្លូវថ្នល់កម្ពុជា និងចង់ឃើញក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកមកវិនិយោគនៅកម្ពុជា ក្នុងការ ចូលរួមអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ។ ក្នុងជំនួបសម្តែងការគួរសមពីសំណាក់ឯកឧត្ដម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក អំពីគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាបក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឱ្យបានប្រសើរឡើង ដើម្បីត្រៀមបើកប្រទេសសាជាថ្មីឡើងវិញ នៅពេលស្ថានភាពជំងឺកូវីដ-១៩បានធូរស្បើយ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គំនិតផ្តួចផ្តើមកំណែទម្រង់បច្ចុប្បន្នរបស់ក្រសួងប្រកបដោយជោគជ័យ តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ចុះបញ្ជីយានយន្ត ការចេញបណ្ណបើកបរ ការប្រឡងយកបណ្ណបើកបរ និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងគម្រោង អភិវឌ្ឍកំពង់ផែទឹកជ្រៅ ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរអំពីការចុះអនុស្សរណៈយោគយល់រវាងវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូនជាមួយនឹងវិស័យឯកជន និងសាកលវិទ្យាល័យចិនមួយចំនួន ក្នុងការពង្រឹងធនធានមនុស្សលើវិស័យបច្ចេកទេសសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ស្ពានថ្នល់ ការបញ្ចប់ការកសាងផែនការមេជាតិភស្តុភារកម្មកម្ពុជា និងបានស្នើឱ្យភាគីអាមេរិកជួយផ្ដល់គ្រូបង្រៀន និង សហការគ្នាលើការពង្រឹងសមត្ថភាពវិស្វករ ដើម្បីកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់អាចកសាងផ្លូវថ្នល់ស្ពានដោយខ្លួនឯងបាន។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីអាមេរិកជួយផ្ដល់សម្ភារបច្ចេកទេស ដើម្បីពង្រឹងគុណភាពផ្លូវថ្នល់កម្ពុជា និងចង់ឃើញក្រុមហ៊ុន របស់សហរដ្ឋអាមេរិកមកវិនិយោគនៅកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជាដូចជាផ្លូវជាតិលេខ៤ ដែលសាងសង់ ឡើងដោយសហរដ្ឋអាមេរិកនាពេលកន្លងមក និងជាពិសេសចង់ឃើញសហរដ្ឋអាមេរិកផ្ដល់ជំនួយបច្ចេកទេសជាសម្ភារបរិក្ខារ សម្រាប់ខួង ពិនិត្យមើលគុណភាពផ្លូវផងដែរ។ ឯកឧត្ដមឯកអគ្គរដ្ឋទូត ក៏បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់ក្រសួង ព្រមទាំងបង្ហាញចំណាប់ អារម្មណ៍ក្នុងការពង្រឹង និងពង្រីកកិច្ចសហការថែមទៀត ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន ៕

ដោយ៖ យី វិច្ឆិកា 


Share This
Author Image

About www.kampucheaacharyak.com

0 comments:

Post a Comment