(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងបញ្ជាក់ថា ស្ថិតនៅក្នុងបរិបទនៃសេដ្ឋកិច្ចឌីជីថល បដិវត្តឧស្សាហកម្ម ៤.០ បានចូលរួមចំណែក យ៉ាងសំខាន់ក្នុងការជួយសម្របសម្រួល ដល់ការធ្វើដំណើរ របស់ភ្ញៀវទេសចរទាំងទេសចរក្នុងស្រុក និងអន្តរជាតិ។
រដ្ឋមន្ត្រី ថោង ខុន បានថ្លែងបញ្ជាក់យ៉ាងដូចនេះនាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការ យោគយល់គ្នារវាងក្រសួងទេសចរណ៍ជាមួយក្រុមហ៊ុន Wonderpass Technology ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលក្នុងវិស័យទេសចរណ៍ ដោយមានការ ចុះហត្ថលេខារវាងលោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងលោក Frederic Proulx ស្ថាបនិកក្រុមហ៊ុន Wonderpass Technology តាមប្រព័ន្ធវីដេអូ និងមានការចូលរួមពីលោក ប៉ាក់ សុខុម រដ្ឋលេខាធិកាក្រសួងទេសចរណ៍ រួមទាំងមន្ត្រីក្រសួងជាច្រើនរូបទៀតផងដែរ។
លោករដ្ឋមន្ត្រី ថោង ខុន បានបន្ថែមថា ស្ថិតក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩នេះ ការវិវត្តន៍នៃសមត្ថភាព និងដំណោះស្រាយផ្នែកបច្ចេកវិទ្យាឌីជីថលក្នុងវិស័យ ទេសចរណ៍ ពិតជាមានសារៈសំខាន់ណាស់ ដោយក្រសួងទេសចរណ៍ក៏បានដាក់ចុះនូវយុទ្ធសាស្ត្រ«ទេសចរណ៍ឆ្លាតវៃ (SMART Tourism)» ដើម្បីជំរុញការសម្រួល ការធ្វើដំណើររបស់ភ្ញៀវទេសចរស្របតាមសភាពការណ៍ និងនិន្នាការទេសចរណ៍ថ្មីៗផងដែរ។
លោក ថោង រដ្ឋសកិ្ត បានឱ្យដឹងដែរថា ការចុះ MoUនេះ ដើម្បីផ្តល់ជាបទពិសោធន៍ និងភាពងាយស្រួលជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងការគ្រប់គ្រងតាមប្រព័ន្ធ online ដើម្បីធ្វើការសម្របសម្រួលភ្ញៀវរួមជាមួយគ្នាទាំងភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ ហើយការចូលរួមរបស់ក្រុមហ៊ុននេះ នឹងជំរុញបន្ថែមទៀតដល់ការអនុវត្ត យុទ្ធសាស្ត្ររបស់ក្រសួង ក្នុងការអភិវឌ្ឍន៍វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងផែនទីចង្អុលផ្លូវស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត៍កម្ពុជាឆ្នាំ២០៣០។
លោក ថោង រដ្ឋសកិ្ត បានបន្ថែមថា ការចុះអនុស្សរណៈនេះក៏ជាការជំរុញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត៍ ក្នុងវិស័យទេសចរណ៍ នឹងគាំទ្រដល់ការគ្រប់គ្រង វិស័យទេសចរណ៍ លើកកម្ពស់អាជីវកម្មទេសចរណ៍ ក្នុងបរិបទ ប្រក្រតីភាពថ្មីឲ្យមានភាពធន់ ពង្រឹងសមត្ថភាពស្ថាប័ននិងបុគ្គលិកជំនាញជំរុញទីផ្សារ និងការផ្សព្វផ្សាយ ទេសចរណ៍ឌីជីថល ការលើកកម្ពស់ផលិតភាព និងពង្រឹងគុណភាពសេវាកម្ម នៅក្នុងដំណាក់កាលនៃផែនការស្តារវិស័យទេសចរណ៍ឡើងវិញរួមមាន៖ការគ្រប់គ្រងវិបត្តិ ក្នុងដំណាក់កាលទម្លាប់ថ្មី និងរៀបចំផែនការសម្រាប់ការស្ដារឡើងវិញឆ្នាំ២០២១, ការស្ដារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២២-២០២៣ និងការរៀបចំឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា ឆ្នាំ២០២៤-២០២៥។
លោក Frederic Proulx បានបញ្ជាក់ថា តាមរយៈដំណោះស្រាយបច្ចេកវិទ្យាឌីជីថល Wonderpass ក្រុមហ៊ុននឹង ខិតខំជំរុញការផ្សព្វផ្សាយទេសចរណ៍ ក្នុងនិងក្រៅប្រទេស និងផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរមុនពេល និងអំឡុងពេលដំណើរកម្សាន្តនៅកម្ពុជា ដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ការទូរទាត់រហ័ស និងងាយស្រួល និងការគ្រប់គ្រងការទស្សនាផងដែរ ដែលនេះជាការធានាដល់ការពង្រឹងការប្រកួតប្រជែងទីផ្សារទេសចរណ៍ នៅតំបន់អាស៊ីផងដែរក្នុងដំណាក់ ស្តារឡើងវិញ នៃវិស័យទេស ចរណ៍កម្ពុជាផងដែរ។
សូមបញ្ជាក់ដែរថា អនុស្សារណៈនៃការយោគយល់គ្នានេះមានគោលបំណងសំខាន់ៗរួមមាន៖ ជំរុញការសិក្សាអភិវឌ្ឍន៍ ការអនុវត្ត និងវាយតម្លៃលើប្រព័ន្ធ វ៉នឌើរផាស ថេកណឡជី (Wonderpass Technology) ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទូទាត់រហ័ស និងងាយស្រួលក្នុងវិស័យទេសចរណ៍ ការរៀបចំនូវព្រឹត្តិការណ៍ទេសចរណ៍ និងកីឡាទេសចរណ៍កម្រិតជាតិ និងអន្តរជាតិនានា និងការគាំទ្រការទូទាត់រហ័សសម្រាប់កញ្ចប់ទស្សនកិច្ចទេសចរណ៍ចាក់វ៉ាក់សាំង, ពង្រឹងសមត្ថភាពមន្ត្រីក្រសួង ទេសចរណ៍លើផែនការអភិវឌ្ឍន៍ទេសចរណ៍ ការគ្រប់គ្រងទិន្នន័យទេសចរណ៍ ការកក់សេវាកម្ម និងការទូទាត់ចំណាយទេសចរ និងបច្ចេកទេសនៃការ គ្រប់គ្រង ព្រឹត្តិការណ៍ទេសចរណ៍តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងសម្រួលដំណើរទេសចរ និងការផ្សព្វផ្សាយទេសចរណ៍ឌីជីថលរូបនីយកម្មទាំងក្នុងនិងក្រៅប្រទេសផងដែរ៕
0 comments:
Post a Comment