-->


Friday, May 20, 2022

បក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត, លោក គន់ គីម អំពាវនាវពលរដ្ឋបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានការអភិវឌ្ឍកាន់តែរីកចម្រើន

ចំនួនអ្នកទស្សនា: Views

   

(ឧត្តរមានជ័យ)៖ មិនខុសពីបណ្តារាជធានី និងខេត្តដទៃទៀតនោះឡើយ នៅឯខេត្តឧត្តរមានជ័យ ដែលជាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ នៅព្រឹកសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២ ដែលជាថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ គណបក្សប្រជាជនកម្ពុជា ក៏បានចាប់ផ្តើមយុទ្ធនាការឃោសនារកសំឡេងឆ្នោតជូនបេក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់ យ៉ាងមហោឡារិក និងកងរំពងជាទីបំផុត។ 

 លោក គន់ គីម សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តឧត្តរមានជ័យ បានអញ្ជើញដឹកនាំសមាជិក សមាជិកា និងប្រកាសបើកយុទ្ធនាការនេះដោយផ្ទាល់ចេញពីស្រុកអន្លង់វែង ដែលជាស្រុកធំជាងគេនៅក្នុងខេត្តឧត្តរមានជ័យ។ លោក គន់ គីម បានឱ្យដឹងថា សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា បានចេញយុទ្ធនាការឃោសនារកសំឡេងឆ្នោតព្រមៗក្នុងឃុំទាំង២៤ នៅទូទាំងខេត្តឧត្តរមានជ័យ ដោយមានសមាជិក សមាជិកា ចូលរួមឃោសនារកសំឡេងឆ្នោតសរុបជាង ៦ពាន់នាក់។ 

 ការឃោសនារកសំឡេងនៅលើទឹកដីខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃនេះ មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលធ្វើសកម្មភាពមហោឡារិកជាងគេ។ ក្បួនឃោសនាមានទាំងរថយន្ត ម៉ូតូ និងកង់ រំលេចដោយទង់ជាតិ និងទង់បក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាច់ផ្កាជានិមិត្តរូប។ សមាជិក សមាជិកាបានចូលរួមស្រែកនូវជយឃោសនានា បង្ហាញនូវគោលនយោបាយ ការប្តេជ្ញាចិត្ត និងសមិទ្ធផលទាំងឡាយកើតចេញពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន។ 

 ពីលើវេទិកាបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត ជាមួយនឹងស្នាមញញឹមពោរពេញដោយក្តីសង្ឃឹម លោក គន់ គីម លើកបង្ហាញនូវគោលនយោបាយសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍសង្គមឱ្យកាន់តែរីកចម្រើន និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។ ពីលើទឹកដីស្រុកអន្លង់វែង ដែលជាដែនជម្រកចុងក្រោយរបស់ខ្មែរក្រហម និងជាសមរភូមិចុងក្រោយរបស់កម្ពុជាផងដែរនោះ លោក គន់ គីម បានរំលឹកពីការដាក់ចេញគោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឈានទៅបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុងនៅតំបន់នេះ ហើយរកបានមកនូវសុខសន្តិភាពពេញលេញ ជាធាតុដ៏សំខាន់សម្រាប់កសាង និងអភិវឌ្ឍន៍សង្គមកម្ពុជា។

 សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជារូបនេះ ក៏បានលើកបង្ហាញពីគោលនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រែក្លាយតំបន់អតីតសមរភូមិឱ្យក្លាយជាទៅជាតំបន់អភិវឌ្ឍន៍ និងពាណិជ្ជកម្ម។ តាមរយៈគោលនយោបាយនេះ ខេត្តឧត្តរមានជ័យ ដែលជាខេត្តដាច់ស្រយាលមួយនោះ បានប្រែក្លាយទៅជាខេត្តមួយមានការរស់នៅស៊ីវិល័យ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម បានកើតឡើងយ៉ាងព្រោងព្រាត ដើម្បីបំពេញសេចក្តីត្រូវការសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ។ 

អ្វីកាន់តែអស្ចារ្យក្រោមគោលនយោបាយអភិវឌ្ឍន៍ក្រុង និងជនបទផ្សារភ្ជាប់គ្នា បានធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តឧត្តរមានជ័យ កាន់តែមានភាពល្អប្រសើរខុសឆ្ងាយបើធៀបនឹងពេលខេត្តនេះរំដោះចេញពីក្រុមខ្មែរក្រហម។ 

 លោក គន់ គីម ក៏បានលើកបង្ហាញពីគុណវុឌ្ឍន៍របស់បេក្ខភាពមេឃុំ ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សប្រជាជនកម្ពុជា។ លោកបានអះអាងថា បេក្ខភាពមេឃុំ ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ របស់គណបក្សប្រជាជនកម្ពុជា ត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់បំផុត ពោលសុទ្ធសឹងជាមេឃុំ និងចៅសង្កាត់ ដែលគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់ការអភិវឌ្ឍន៍នៅតាមឃុំសង្កាត់ ដែលខ្លួនដឹកនាំ និងគ្រប់គ្រង។

 ជាពិសេសមេឃុំ និងចៅសង្កាត់មកពីគណបក្សប្រជាជនកម្ពុជា គឺជាមេឃុំ និងចៅសង្កាត់ ដែលបម្រើប្រជាពលរដ្ឋ យកប្រជាពលរដ្ឋជាធំ។ 

 លោក គន់ គីម បានអំពាវនាវដល់ប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានរូបសញ្ញាទេវតាបាចផ្កា ដែលមានលេខរៀងកំណត់ទៅតាមបណ្តាឃុំ និងសង្កាត់នីមួយៗ ដើម្បីទទួលបានមេឃុំ និងចៅសង្កាត់ ដែលបម្រើប្រជាពលរដ្ឋ គិតគូរសុខទុក្ខប្រជាពលរដ្ឋ។ ជាពិសេសជាបក្សដែលធំជាងគេនៅកម្ពុជា និងមានគោលនយោបាយដឹកនាំជាតិច្បាស់លាស់ធានារក្សាបាននូវសុខសន្តិភាព និង

អភិវឌ្ឍ៕


0 comments:

Post a Comment