-->


Wednesday, June 15, 2022

បេសកកម្មថ្ងៃទី២ នៅខេត្តកំពង់ធំ លោកស្រី ឱ វណ្ណឌីន បន្ដចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងនៅតាមមូលដ្ឋាន និងជំរុញការងារនេះឲ្យកាន់តែមានវឌ្ឍនភាពល្អបន្ថែមទៀត

ចំនួនអ្នកទស្សនា: Views


(កំពង់ធំ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ បានបន្ដបេសកក ម្មថ្ងៃទី២ នៅខេត្តកំពង់ធំ ដើម្បីពិនិត្យដំណើរការចាក់វ៉ាក់សាំងនៅតាមមូលដ្ឋាន សម្ដៅជំរុញការងារនេះឲ្យកាន់តែមានវឌ្ឍនភាពល្អប្រសើរបន្ថែមទៀត។


បេសកកម្មដែលអមដំណើរដោយលោកស្រី លី អាយលែន តំណាងអង្គការសុខភាពពិភពលោកនេះ លោកស្រី ឱ វណ្ណឌីន ក៏បានឆ្លៀតពេលស្វែងយល់បន្ថែមទៀត ក្នុងការគិតគូរអំពីយន្ដការ និងលទ្ធភាពនៃការជំរុញបង្កើនការថែទាំសុខភាពបឋមនៅក្នុងប្រទេសកម្ពុជា។ លោកស្រីបន្ដថា ការងារនេះក៏នឹងបន្ដធ្វើនៅតាមបណ្ដាខេត្តផ្សេងៗទៀត ដែលលោកស្រីនឹងក្រុមការងារចុះទៅដល់។


តាមរយៈបេសកកម្មនេះ លោកស្រី ឱ វណ្ណឌីន បានសង្កេតឃើញថា ទាំងរដ្ឋបាលខេត្តកំពង់ធំ, មន្ទីរសុខាភិបាលខេត្ត, រដ្ឋបាលស្រុក, ស្រុកប្រតិបត្តិ និងមណ្ឌលសុខភាព ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានសហការគ្នាយ៉ាងល្អ និងបានខិតខំជំរុញការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ ជូនដល់ប្រជាពលរដ្ឋ។


ទន្ទឹមនឹងនេះ លោកស្រីក៏បានជួបជាមួយក្រុមយុវជនស្ម័គ្រចិត្ត គ្រូពេទ្យស្ម័គ្រចិត្តនេះ និងមើលឃើញថា ពួកគេមានឆន្ទៈខ្ពស់ក្នុងការលះបង់ពេលវេលារបស់ខ្លួន ដើម្បីចូលរួមក្នុងយុទ្ធនាការនៃការចាក់វ៉ាក់សាំងបង្ការជំងឹកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនេះផងដែរ។


ក្នុងឱកាសនោះ លោកស្រី ប្រធានគណៈកម្មការចំពោះកិច្ច ក៏នៅតែបន្ដជំរុញ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋត្រូវមកចាក់ដូសជំរុញឲ្យបានគ្រប់ៗគ្នា ក្រោយមានគម្លាតរយៈពេល៣ខែឡើងទៅ ដើម្បីពង្រឹង និងបង្កើនភាពស៉ាំ។ ជាពិសេសលោកស្រី បានរំលឹកដល់ប្រជាពលរដ្ឋដែលចាក់វ៉ាក់សាំង ចនសុនចនសុន ដែលចាក់មួយដូស គ្រប់ដូសមូលដ្ឋាននោះ ក៏ត្រូវតែមកចាក់ដូសជំរុញដូចគ្នាផងដែរ៕

Share This
Author Image

About www.kampucheaacharyak.com

0 comments:

Post a Comment