កណ្តាល
:ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែកក្កដា
ឆ្នាំ២០២២ នៅថ្ងៃ៧កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦
ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ
អភិបាលខេត្តកណ្តាល បានស្នើដល់មន្ទីរអង្គភាពនានាជុំវិញខេត្ត
កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុង-ស្រុកទាំង១១
និងអង្គភាពចំណុះសាលាខេត្ត ត្រូវបន្តខិតខំពង្រឹងលើប្រព័ន្ធការងាររបស់ខ្លួន
ឱ្យកាន់តែមានប្រសិទ្ធភាព តែត្រូវខិតខំដោះស្រាយបញ្ហាប្រឈម
របស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចខ្លួន ឱ្យមានប្រសិទ្ធភាព
កុំគេចវេសពីបញ្ហា សំដៅធ្វើឱ្យប្រជាពលរដ្ឋមានជំនឿចិត្ត មានភាពកក់ ក្តៅ
យល់ថាពេលមានបញ្ហា គឺអាជ្ញាធរតែងតែនៅចាំជួយដោះស្រាយជានិច្ច។
ឯកឧត្តមអភិបាលខេត្ត
បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់
និងមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវបង្កលក្ខណៈឱ្យកាន់តែងាយស្រួល
ដល់ការងារគ្រប់គ្រងរដ្ឋបាល
និងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព ឆាប់រហ័ស
និងទាន់ពេលវេលាឱ្យបានទ្វេដង ជាពិសេសត្រូវដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ
ដែលនៅសេសសល់កន្លងមកឱ្យអស់ ។ ម្យ៉ាងវិញទៀត
ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព
ទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់បទល្មើសផ្សេងៗ
ត្រូវខិតខំធ្វើយ៉ាងណារក្សាបាននូវសន្តិសុខ
និងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ។
ក្នុងកិច្ចប្រជុំនេះដែរ
ក៏បានតម្រូវឱ្យអាជ្ញាធរក្រុង-ស្រុកទាំង១១
ត្រូវធ្វើយុទ្ធនាការជំរុញដល់យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋ
ចូលរួមក្នុងការដាំដើមឈើ និងផ្កាចម្រុះនៅតាមដងផ្លូវក្នុងមូលដ្ឋានខ្លួន
ដើម្បីសោភណភាព និងលើកកម្ពស់បរិស្ថានស្អាត អាជ្ញាធរក្រុង-ស្រុក
និងមន្ទីរពាក់ព័ន្ធធ្វើត្រូវផ្សព្វផ្សាយ
ឱ្យបានកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋ
អំពីបញ្ហាការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ
បញ្ឈប់ការបោះសំរាមពាសកាលនៅតាមទីសាធារណៈ ត្រូវលើកទឹកចិត្ត
និងណែនាំប្រជាពលរដ្ឋ ចូលរួមសម្អាតបរិស្ថាន និងដាំដើមឈើ ដើមផ្កា
និងឈើហូបផ្លែនៅតាមមូលដ្ឋានរៀងៗខ្លួន ឱ្យបានផលផុសផង
ដើម្បីប្រែក្លាយបរិស្ថានយើង ឱ្យកាន់ តែស្រស់បំព្រង មានសោភណភាព និងភាពបៃតង។
សូមជម្រាបថា ក្នុងកិច្ចប្រជុំកិច្ចគណៈអភិបាលខេត្ត ប្រចាំខែកក្កដា ឆ្នាំ២០២២
គឺមានរបៀបវារៈសំខាន់ចំនួន ៧ សម្រាប់ធ្វើការផ្សព្វផ្សាយ និង
ដាក់ឱ្យអង្គប្រជុំធ្វើការពិនិត្យ និង ពិភាក្សាផងដែរ ៕ ដោយ ណយ នឿន(ប្រភព
៖រដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ dara
0 comments:
Post a Comment