Thursday, April 9, 2020

ភ្នំពេញ​ត្រៀម​កន្លែង​ជិត​ ១ ​ពាន់​ទីតាំង​ ដើម្បី​ហូប​អំបុក​ខ្មែរ​ និង​រំពឹង​អ្នកចូលរួម​ ១០ ​ម៉ឺន​នាក់


ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ត្រៀម​កន្លែង​ជិត​ ១ ​ពាន់​ទីតាំង ​ដោយ​យក​រមណីយដ្ឋាន​ប្រវត្ដិសាស្ដ្រ​វត្ដ​ភ្នំ​ជា​ទីតាំង​ធំ​សម្រាប់​ការរៀបចំ​ពិធី​ទទួលទាន​អំបុក​ខ្មែរ ការពារជាតិ សាសនា ព្រះមហាក្សត្រ​នៅ​ថ្ងៃទី​ ៩ ខែ​វិច្ឆិកា ខាងមុខ និង​រំពឹងថា​មាន​ពលរដ្ឋ​ចូលរួម​ប្រមាណ​ ១០ ​ម៉ឺន​នាក់​។ នេះ​បើតាម​លោក ម៉េត មាសភក្ដី ​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ប្រាប់​កម្ពុជាអច្ឆរិយម្សិលមិញ​។
លោក មាសភក្ដី បាន​ថ្លែងថា ដើម្បី​ត្រៀមលក្ខណៈ​នៃ​ដំណើរ​ការរៀបចំ​ពិធី​ទទួលទាន​អំបុក​ខ្មែរ​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​មួយ​បន្ថែមទៀត​ជាមួយ​ក្រុមការងារ​ថ្នាក់​ខណ្ឌ និងមន្ត្រី​ជំនាញ ដើម្បី​រៀបចំ​ពិធី​នេះ​ឲ្យ​ដំណើរការ​ទៅ​បាន​ដោយ​រលូន និង​ការពារ​ក្ដី​សុខ សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​ដែល​ចូលរួម​សប្បាយរីករាយ​។
លោក​ថ្លែងថា​៖ «​យើង​នឹង​យក​ទីតាំង​រមណីយដ្ឋាន​ប្រវត្ដិសាស្ដ្រ​វត្តភ្នំ​ជា​ទីតាំង​ធំជាងគេ​សម្រាប់​ប្រារព្ធ​ពិធី​ទទួលទាន​អំបុក​នេះ​ក្នុង​នោះ​យើង​នឹង​រៀបចំ​ពិធី​ទទួលទាន​នៅ​តាម​សង្កាត់​តាម​ខណ្ឌ តាម​មូលដ្ឋាន សហគមន៍ ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជួបជុំ​គ្នា​ទទួលទាន​អំបុក​នេះ​រួមគ្នា​ផងដែរ​»​។
លោក​បាន​បន្ដថា​៖ «​តាម​ការប៉ាន់ស្មាន​របស់​យើង​បាន​ត្រៀម​ទីតាំង​ប្រមាណ​ជិត​ ១ ​ពាន់​ទីតាំង ​ដែល​ស្ថិត​នៅ​ក្នុង​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ​។ ដោយឡែក​ព្រឹត្ដិការណ៍​នេះ​នឹង​មាន​រៀបចំ​ប្រារព្ធ​ធ្វើ​នៅ​ទូទាំង​ប្រទេស​ផងដែរ​»​។
អ្នកនាំពាក្យ​រូបនេះ​បាន​ឲ្យ​ដឹងថា ការត្រៀម​លក្ខណៈ​រៀបចំ​ពិធី​ទទួលទាន​អំបុក​នេះ​ជា​ការត្រៀម​អបអរ​ពិធីបុណ្យ​អុំទូក អកអំបុក និង​សំពះ​ព្រះខែ និង​ត្រៀម​អបអរ​ដល់​ថ្ងៃ​ទិវា​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា និង​ការរីករាយ​ជុំគ្នា​នៃ​មហាគ្រួសារ​ខ្មែរ​ផងដែរ​។
លោក​បាន​បន្ដថា​៖ «​យើង​នឹង​ត្រៀម​អំបុក​ឲ្យ​បងប្អូន​មក​ចូល​ពិសា​អំបុក​ដោយ​សេរី មិន​គិតថ្លៃ​តាម​កន្លែង​នានា​។ បើ​បងប្អូន​យើង​មាន​ទីលំនៅ​ក្នុង​រាជធានី​ភ្នំពេញ​ចង់​មក​ចូលរួម​សប្បាយ​គឺ​អាច​ទៅ​ទីតាំង​កន្លែង​ដែល​យើង​រៀបចំ​នេះ​ក្នុង​ស្មារតី​សាមគ្គី​គ្នា​អបអរ​ពិធីបុណ្យ​ជាតិ​យើង​»​។
អភិបាលរង​រាជធានី​ភ្នំពេញ​លោក មាន ចាន់យ៉ាដា អ្នកដឹកនាំ​ក្រុម​ការងារ​ថ្នាក់​ខណ្ឌ និង​មន្ត្រី​ជំនាញ ដើម្បី​រៀបចំ​ពិធី​ទទួលទាន​អំបុក​នេះ​កាលពី​ម្សិលមិញ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​សប្បាយរីករាយ និង​អបអរសាទរ​ក្នុង​ព្រះរាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះខែ​។ ពិធីបុណ្យ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ១០-១១-១២ ខែវិច្ឆិកា​ខាងមុខ​នេះ​រួម​ជាមួយ​នឹង​មោទនភាព​ចំពោះ​សមិទ្ធផល​នានា​របស់​រាជធានី​ភ្នំពេញ​ដែល​បាននិងកំពុង​រីកចម្រើន​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។
លោក​ថ្លែងថា​៖ «​ដើម្បី​ត្រៀម​អបអរ​ពិធី​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ត្រៀម​កងកម្លាំង​រួចរាល់ ដើម្បី​រក្សា​សន្ដិសុខ សុវត្ថិភាព​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បានមក​ចូលរួម​សប្បាយរីករាយ​ក្នុង​ពិធីបុណ្យ​នេះ​»​។ ប៉ុន្តែ​លោក​មិនទាន់​អាច​បញ្ជាក់​បាន​ថា អាជ្ញាធរ​នឹង​ត្រៀមកម្លាំង​សមត្ថកិច្ច​ចំនួន​ប៉ុន្មាន​សម្រាប់​រក្សា​ការពារ​សន្តិសុខ​ក្នុង​ពិធីបុណ្យ​អុំទូក​នោះទេ​។
សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​ ២ ខែ​តុលា​កន្លង​ទៅ​នេះ​យក​ថ្ងៃទី​ ៩ វិច្ឆិកា រៀបចំ​ពិធី​ទទួលទាន​អំបុក​ខ្មែរ​នៅ​ទូទាំង​ប្រទេស ដើម្បី​ការពារជាតិ សាសនា ព្រះមហាក្សត្រ​។ ជាមួយ​គ្នា​នោះ​លោក​ក៏​បាន​ព្រមាន​អ្នក​ដែល​មក​ចូលរួម​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​ សម រង្ស៊ី ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​ថ្ងៃ​នោះ​ដែរ ខណៈ​ដែល​លោក សម រង្ស៊ី បាន​កំណត់​ពេល​ត្រូវ​វិល​ត្រឡប់មក​កម្ពុជា​វិញ​ជាមួយ​នឹង​ការបំផុស​ពលរដ្ឋ​ឲ្យ​បះបោរ​នៅ​ថ្ងៃទី​ ៩ វិច្ឆិកា​ ក្នុង​គោលបំណង​ផ្លាស់ប្តូរ​របប​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​៕

0 comments:

Post a Comment